ចៅហ្វាយខេត្តព្រៃវែង ទើបកាន់តំណែងថ្មីគួរមើលនាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង លោក អាន សុផល នៅស្រុកកំពង់ត្របែកនោះផង
រាជរដ្ឋាភិបាលថ្មីបានប្រកាសអំពីការធ្វើកំណែទម្រង់ជាច្រើនវិស័យ។
នៅក្នុងចំណោមកំណែទម្រង់នោះរហូត មកដល់ពេលនេះបញ្ហាអំពើពុករលួយនៅតាមបណ្ដាច្រកព្រំដែនហាក់ដូចជា មិនទាន់មានការប្រែប្រួលជាវិជ្ជមានសោះ។
ដោយឡែកនៅច្រកព្រំដែនទ្វេភាគីស្វាយអាង៉ោង ក្រោមការដឹកនាំគ្រប់គ្រងដោយ លោក អាន សុផល ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង សកម្មភាពនៃបញ្ហាចេញ,ចូលទំនិញគេចពន្ធនៅតែកើតមានដដែល។
អភិបាលថ្មីនៃខេត្តព្រៃវែង លោក សួន ម៉ាលីន ក៏មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ ក្នុងការកាត់បន្ថយអំពើពុករលួយនៅតាមច្រកព្រំដែន ក្នុងខេត្តព្រៃវែង ជាមួយប្រទេសវៀតណាម នោះដែរ។
មន្ត្រីស្ថាប័ននានានៅច្រកស្វាយអាង៉ោងបានឲ្យដឹងថា លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញតូច-ធំ នាំទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ព្រមទាំងគ្រឿងសមុទ្រ ដឹកជញ្ជូនតាមរ៉កជាច្រើនគ្រឿង ចេញ-ចូលតាមច្រក នេះយ៉ាងគំហុក
ទាំងយប់ទាំងថ្ងៃ យកមកស្តុកទុកនៅផ្ទះឈ្មួញម្នាក់នៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក និងបន្តចែកចាយទៅទីក្រុងភ្នំពេញ រីឯនាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោង ជាអ្នកមានសិទ្ធិអំណាចបេីកបារ៉ាស់ ទេីបបក្សពួកឈ្មួញហ៊ានអ្វីៗតាមអំពេីចិត្ត។
អ្វីដែលគេកត់សម្គាល់ខ្លាំងជាងនេះទៀតនោះ គឺសំខាន់នៃការចេញ-ចូលឆ្លងដែនដោយសេរីនៃក្រុមជនអន្តោប្រវេសន៍ ផ្ទុយទៅវិញបណ្ដាពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសវៀតណាម ជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង។
ប្រភពពីមន្ត្រីស្ថាប័នផ្សេងៗនៅច្រកព្រំដែនមួយនេះ
បានឲ្យដឹងថា អំពើពុករលួយរបស់លោក អាន សុផល នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង ប្រេីតួនាទី និងអំណាចប្រព្រឹត្តទៅដោយរលូន រយៈពេលច្រើនខែ ច្រើនឆ្នាំមកហេីយ គឺអាងខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទេីបនាយប៉ុស្តិ៍ច្រកនេះ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើទោះជាស្នងការនគរបាលខេត្តព្រៃវែង ត្រូវបានផ្លាស់ប្ដូរក៏ដោយ ប៉ុន្តែមេប៉ុស្តិ៍ច្រកព្រំដែនមួយនេះមិនត្រូវបានផ្លាស់ប្ដូរទេ នោះគឺអំណាចទឹកប្រាក់របស់លោក អាន សុផល អាចឲ្យលោក ឈរជើងនៅស្វាយអាង៉ោង នេះបានយ៉ាងយូរ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងឲ្យដឹងថា មួយរយៈចុងក្រោយនេះ នាយប៉ុស្តិ៍នគរបាលនៅច្រកស្វាយអាង៉ោង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនកាន់តែច្រើនឡើងៗ។
តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម នេះលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ មិនញញេីតអ្វីទាំងអស់ ។
ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះអីសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនពេក។
ប្រភពឲ្យដឹងទៀតថា រាល់ការបង់លុយឈ្មួញមិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រត្រឹមត្រូវឡើយ ហើយគ្មាននរណាអាចរំលងលោក នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីតំបន់ព្រំដែនស្វាយអាង៉ោង បានទេ។
យ៉ាងណាក៏ដោយគេរំពឹងថា លោក សួន ម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នឹងពិនិត្យមើលករណីនៅច្រកព្រំដែនស្វាយអាង៉ោង នេះឡើងវិញផង។
ពីព្រោះមានបញ្ហាប្រឈមជាច្រើនលាយឡំដោយអំពើពុករលួយដ៏ក្រាស់គ្រែនោះផងដែរ ការបន្តទុកបញ្ហាដដែលៗឲ្យនៅរំព័ទ្ធដោយមិនព្រមដោះស្រាយនោះ គឺជាឱកាសដែលធ្វើឲ្យពួកមន្ត្រីខិលខូច នៅបន្តប្រព្រឹត្តអំពើពុករលួយ ហើយមជ្ឍដ្ឋានប្រជាពលរដ្ឋយល់ច្រឡំថា អាជ្ញាធរថ្នាក់ដឹកនាំខេត្តមានពាក់ព័ន្ធផងដែរ។
077337111