ព័ត៌មានសន្តិសុខសង្គម

រាជរដ្ឋាភិបាលអាណត្តិទី 7 ល្មមដល់ពេលដាក់មន្រ្តីជំនាញវះកាត់ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយពេញបន្ទុក ទាំងយប់ទាំងថ្ងៃ !

ប្រភពពីមន្ត្រីបានបញ្ជាក់ឲ្យដឹងថា លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មានខ្នងបង្អែកក្រាស់ល្បីខាងពុករលួយ ការដែលប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ4 ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ4 ស្រុកកំពង់សិលា ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តគឺដោយសារមានការបើកដៃពីលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។

ប្រភពពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត ទេនោះគឺប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាលមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ រីឯលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស បណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។

ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ4 ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ និងស្ថានីយ៍ស្ទឹងច្រាលដែរ។

គ្មានឈ្មួញ និងអាជីវករណាហ៊ានតវ៉ាទេ ព្រោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទាំង2កន្លែងនោះយកឈ្មោះ លោក បូរី វង្សសានិត មកបិទបាំងទង្វើរបស់ខ្លួនជារៀងរហូត។

ចំណែករថយន្តដឹកទំនិញធំៗ និងរថយន្តដឹកខ្សាច់ដឹកថ្ម ផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងរថយន្តទាំង2កន្លែងនោះយ៉ាងរលូនឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់ដោយមិនបាច់ចូលថ្លឹងឡើយ។

មន្រ្តីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្ននេះគឺលោក បូរី វង្សសានិត បណ្ដោយឲ្យប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ធ្វើអ្វីៗតាមអំពើចិត្ត។

ហេតុនេះលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរតែពិនិត្យឡើងវិញខ្លះផង។

ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើអំពើពុករលួយរបស់លោក បូរី វង្សសានិត និងមន្រ្តីក្រោមឱវាទផងដែរ៕

Leave a Reply

Your email address will not be published.