(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំ ផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។
កិច្ចប្រជុំនេះ មានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធ ហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ឲ្យដំណើរការទៅបានដោយរលូន៕